
វត្តសំពៅប្រាំ ស្ថិតនៅទីខ្ពង់រាប នៅលើ
ភ្នំបូកគោ ក្នុងខេត្តកំពត
ដែលសព្វថ្ងៃនេះបានក្លាយជាកន្លែងទេសចរណ៏
សម្រាប់ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងមានទេសភាពស្រស់ស្អាត
ហើយអ្នកដំណើរអាចទៅកំសាន្តទីនោះ តាមផ្លូវជាតិលេខ ៣ ពីភ្នំពេញ
ទៅ
ភ្នំបូកគោ មានចម្ងាយ ១៨៩ គីឡូម៉ែត្រ តែបើគិតពីផ្លូវកំពត-វាលរិញ
មានចំនួន ៣២ គីឡូម៉ែត្រ។ពីដើមខ្ពង់រាបបូកគោ ជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតិអ៊ឺរ៉ុប
ដែលជាអាណាព្យាបាលស្រុកយើង គឺលោកហ្វ្រង់ស្វា-បូដ្វាំង
ជារេស៊ីដង់សុប៉េរេយើ នៅប្រទេសកម្ពុជា បានចាត់កសាង
ហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥ ក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិ។
កាលពីសម័យកសាងនោះ ដោយទ្រង់យល់ថា
បារាំងរៀបចំធ្វើជាទីសំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ
ដូច្នេះ ព្រះមហាក្សត្រខ្មែរយើងក៏ព្រះអង្គ
ទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនាភ្លាមដែរ
គឺព្រះអង្គទ្រង់សាងអារាមមួយ
ដែលមានកូនវិហារតូចមួយនឹងចេតិយឡើងមួយ។សំណង់វត្តនេះតាំងលើដីខ្ពស់ ជាកំពូលភ្នំដ៏មានផែនថ្មធំៗនៅពាសពេញ
ចម្លែកជាងគេ គឺផែនថ្ម ជាបន្ទះៗ មានទំហំបណ្តោយ ១០ម៉ែត្រ និងកំពស់
១០ម៉ែត្រ។ ទ្រង់ទ្រាយផែនថ្មនេះ មានភាពសំប៉ែតខ្ពស់
ទ្រទុងនៅតំរៀបគ្នាជាប្រាំសន្លឹក
មានសណ្ឋានដូចជាក្តោងសំពៅត្រដាង។

ឃើញរូបភាពនៃផែនថ្មទាំងប្រាំផែននេះហើយ មានសណ្ឋានដូចសំពៅ៥
កំពុងបើកក្តោង និងការកសាងក៏ត្រូវធ្វើនៅ ជាប់ផែនថ្មនេះទៀត
ទើបអ្នកផងទាំងពួងហៅទីនេះតាមសន្មត់ថា “វត្តសំពៅប្រាំ”។
No comments:
Post a Comment